សាយ ឈុំ ចុះហត្ថលេខាលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ




ទីបំផុត​ទៅ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​អ្នកវិភាគ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី លោក សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា បាន​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ។
នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ដែល​ប្រាប់ Fresh News នៅ​ព្រលប់​ថ្ងៃ​សុក្រ​ដដែល​នេះ ។
លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា «​គោលបំណង​និង​សំណូមពរ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​សម្រាប់​អនុវត្ត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ ដែល​មាននៅ​កម្ពុជា ស្រប​តាម​សភាពការណ៍​ថ្មី​របស់​កម្ពុជា ក្នុង​គោលបំណង​តម្រង់​ទិស​ឲ្យ​គ្រប់​គណបក្ស​នយោបាយ គោរព​និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុ​វ​ប៉ា​រី​ស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។
សូម​បញ្ជាក់​ថា សេចក្តី​ស្នើ​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​ផ្តួចផ្តើម​ឡើងជា​ថ្មី ដោយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។
ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​កែប្រែ​ចំនួន ៥​មាត្រា ក្នុង​នោះ​មាត្រា ៦​ថ្មី​(​ពីរ​) មាត្រា​១១(​ថ្មី​) មាត្រា​៤៤​ថ្មី​(​ពីរ​) មាត្រា​៤៥​ថ្មី​(​ស្ទួន​) និង​មាត្រា​៤៨​ថ្មី (​សួន​) ជាដើម​។ មាត្រា​៦ ថ្មី​(​ពីរ​) បាន​កំណត់​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​ឃុបឃិត ឬ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព​ឯកសារ​ជា លាយលក្ខណ៍អក្សរ ឬ​សកម្មភាព របស់​ទណ្ឌិត​ជាប់​ទោស​បទឧក្រិដ្ឋ ឬ​ពី​បទ​ម​ជ្ឈឹ​ម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ខ្លួន​ឡើយ​។
ដោយឡែក មាត្រា​៤៨​ថ្មី (​សួន​) ក៏​បាន​កំណត់​មិន​អនុញ្ញាត​ឱ្យ គណបក្ស​នយោបាយ​ណា មានឈ្មោះ ឬ​រូប​របស់​រូប​វ័​ន្ត​បុគ្គល​ផង​ដែរ​។
ការ​ចុះហត្ថលេខា​របស់​លោក​ប្រធាន​ព្រឹ​ទ្ឋ​សភា សាយ ឈុំ ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្តីទី​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ខាងលើ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ទៅ​ទីក្រុង​ប៉េ​កាំ​ង​ពិនិត្យ​ព្រះរាជ​សុខភាព​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លង​មកនេះ ហើយ​មិន​មាន​មន្ត្រី​ណា​បញ្ជាក់​ព្រះ​អង្គ​និង​សម្តេចម៉ែ​នឹង​យាង​និវត្តន៍​មក​កាន់​មាតុភូមិ​នៅ​ពេល​ណា​នោះ ភារកិច្ច​នេះ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​នយោបាយ​មើលឃើញ​ថា អាច​នឹង​ធ្លាក់​ទៅ​លើ​លោក សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា​ជា​អ្នក​ចុះហត្ថលេខា​ជំនួស​ព្រះមហាក្សត្រ​ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្តីទី ។
គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២​នេះ ថា​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធ្វើ​ឲ្យ​ជាតិ​បែកបាក់ ព្រមទាំង​មាន​ចរិត​នយោបាយ​គាបសង្កត់​លើ​សិទ្ធិ​បុគ្គល និង​គណបក្ស​នយោបាយ ដែល​អាច​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោតជាតិ​ខាង​មុខ​មិន​សេរី និង​មិន​យុត្តិធម៌ ហើយ​ជា​ពិសេស​វា​ដើរ​ផ្ទុយ​នឹង​ព្រះរាជ​បំណង​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហ​នុ ទៀត​ផង ដែល​ព្រះ​អង្គ​ចង់​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ និង​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​។
សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​លើក​ទី​មួយ ដែល​ចែង​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា​ជា​ច្បាប់​សំដៅ​រឹត​បន្តឹង​គណបក្សប្រឆាំង និង​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ក៏​ប៉ុន្តែ​វា​ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ឯកភាព​លើ​ខ្លឹមសារ​ទាំងស្រុង​ដោយ​គ្មាន​ការ​កែប្រែ ។
តាម​គម្រោង​នៅ​ពេល​នោះ ច្បាប់​នេះ​នឹង​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ព្រះ​អង្គ​ឡាយព្រះហស្តលេខា ក៏​ប៉ុន្តែ​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ បាន​យាង​ចេញ​ទៅ​ទីក្រុង​ប៉េ​កាំ​ង នៅ​ថ្ងៃ​ដដែល​នោះ ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព ទើប​លោក សាយ ឈុំ បាន​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​ក្នុង​នាម​លោក​ជា​ប្រមុខរដ្ឋ​ស្តីទី ជំនួស​ព្រះមហាក្សត្រ​ពេល​ទ្រង់​អវត្តមាន ៕

ប្រភព៖ Angrut News 

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា