កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook



​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ សមាជិក សមាជិកា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) ចំនួន​៦១​នាក់ បាន​ចុះហត្ថលេខា​រួមគ្នា​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ ប្រព្រឹត្ត​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ។
​ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​តំណាង​ដោយ​ឯកឧត្តម​មេធាវី លី ច័ន្ទ​តុលា អត្តលេខ​៥៨១ សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧​បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក វ៉ាន់ ពុទ្ធិ​ពល ពីបទ​ជេរប្រមាថ​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា​៣០៧ ចំណុច​ទី​៣ និង​ទោស​បន្ថែម​តាម​បញ្ញត្តិ​មាត្រា​៣១០ នៃ​ក្រមព្រហ្មទណ្ឌ និង​ទាមទារ​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ចំនួន​៤០​លាន​រៀល​ចំពោះ​មេធាវី​ម្នាក់ៗ​ដែលជា​ហត្ថលេខី​នៃ​ពាក្យបណ្តឹង ។​

​ដើមហេតុ​ដែល​នាំ​ឲ្យ​លោក វ៉ាន់ ពុទ្ធិ​ពល ទទួលរង​ការ​ប្តឹងផ្តល់​ពី​សំណាក់​សមាជិក សមាជិការ​គណៈមេធាវី​ចំនួន​៦១​នាក់​នោះ គឺ​បន្ទាប់ពី​គណៈមេធាវី​បានរៀបចំ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ក្រោម​ប្រធានបទ​ស្តីពី «​កាតព្វកិច្ច​បង់ពន្ធ​» ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជាមួយនឹង​វត្តមាន​សមាជិក សមាជិកា​គណៈមេធាវី​ចូលរួម​ចំនួន​២០៥​នាក់ ។ នៅក្នុង​អង្គសិក្ខាសាលា​នេះ លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូលរួម​ធ្វើជា​វាគ្មិន​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ស្តីពី «​កាតព្វកិច្ច​សារពើ​ពន្ធចំពោះ​វិជ្ជាជីវៈ​មេធាវី និង​សារការី » ដែល​បទ​បង្ហាញ​របស់លោក វ៉ាន់ ពុទ្ធិ​ពល បានធ្វើ​ឲ្យ​សិក្ខាកាម​មួយចំនួន​មិន​ពេញចិត្ត ព្រមទាំង​បាន​ឈានទៅ​ជជែក​ខ្វែងគំនិត​តឹងសរសៃក​ដាក់គ្នា​យ៉ាងខ្លាំង ប៉ុន្តែ​ក៏មាន​ការសម្របសម្រួល​គ្នា​វិញ ។ លុះដល់​វេលា​ល្ងាច​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​ដដែល លោក វ៉ាន់ ពុទ្ធិ​ពល បាន Post តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដោយ​ប្រើប្រាស់ Account ឈ្មោះ «Puthipol Vann » មាន​ខ្លឹមសារ​ថា​«​ថ្ងៃនេះ​ថ្នាក់លើ​ប្រើ​ឲ្យ​ទៅ​ប្រមូល​គោ​បញ្ចូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់មត់ ។ គោ​មួយចំនួនធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ​អា​ពាល អា​ត្នោត និង​អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ខាងក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល ។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត ។ សុំ​សួរ​ប្រិយមិត្ត តើ​អា​៣​ក្បាល​ហ្នឹង​សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើយ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់​លោង​ទេ ? សើច ! » ។

​តាមរយៈ Facebook ប្រើប្រាស់ Account ឈ្មោះ «Bun Honn» ឯកឧត្តម​មេធាវី ប៊ុន ហុន អតីត​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន Post តប​ទៅនឹង​សារ​របស់លោក វ៉ាន់ ពុទ្ធិ​ពល វិញ​ថា «​នេះ​ជា​អំពើ​ជេរប្រមាថ​ជា​សាធារណៈ ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ ។ ក្នុងឋានៈ​ជា​បញ្ញវន្ត និង​ជា​មន្ត្រីរាជការ​មួយរូប​មិនអាច​មក​ប្រៀបធៀប​មេធាវី​ជា​សត្វ​គោ​ទេ ។ តើ​លោក​ជា​អ្វី ។ មនុស្ស​បែបនេះហើយ​ដែល​ធ្វើ​ឲ្យ​គេ​ក្តៅក្រហាយ ។ ខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​សំដី​ពាល​អសីលធម៌​បែបនេះ ។​» លើសពីនេះ ឯកឧត្តម ប៊ុន ហុន បានលើកឡើង​ទៀតថា «​សំដៅ​បែបនេះ គួរតែ​ជា​សំដី​ជនពាល​ដែល​មិន​ធ្លាប់​ចូល​សាលា​អប់រំ ។ វា​មិន​សមជា​សំដី​អ្នករាជការ​បម្រើ​រាស្ត្រ​ទេ ។ អ្នករាជការ គេ​ប្រើ​ច្បាប់​មក​ដោះស្រាយ​គ្នា មិនដែល​ជេរប្រមាថ​គ្នា​តាម Facebook និង​ប្រមាថ​គេ​ជាទូទៅ​បែបនេះ​ទេ ។ ល្មម​ឲ្យ​គាត់​ស្គាល់​តម្លៃ​ច្បាប់​ខ្លះ កុំ​អាង​ខ្លួន​មាន​លុយ មានអំណាច
​ដោយឡែក ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ គណៈមេធាវី​ក៏បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈមេធាវី​លើក​ទី​១៧​ជាបន្ទាន់​នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៧​នេះ តាម​ការកោះអញ្ជើញ​រប​ស់​ឯកឧត្តម​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើបអង្កេត​ចាត់ការ​នីតិវិធី​បន្ត មាន​ឯកឧត្តម​មេធាវី សួន វិសាល អត្តលេខ​១៤៣ ជា​ប្រធាន​គណៈកម្មការ និង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ចំនួន​៤​នាក់​ទៀត ជា​សមាជិក​គណៈកម្មកា​រ រួមមាន ៖ លោក​មេធាវី ជូ ចាន់​ធី​រ៉ា អត្តលេខ​០៧០ , លោក​មេធាវី ឈី សម្បត្តិ អត្តលេខ​២៩៨ , លោក​មេធាវី សាំង វណ្ណៈ អត្តលេខ​៣៥៧ និង​លោកស្រី​មេធាវី លឹម ច័ន្ទ​លីដា អត្តលេខ​៨០៣ ។​
 ​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើកឡើងថា ប្រសិនបើ​តុលាការ​ចាត់ការ និង​រកឃើញ​ពិរុទ្ធភាព​លោក វ៉ាន់ ពុទ្ធិ​ពល តាម​ពាក្យបណ្តឹង​ដាក់បន្ទុក​របស់​ក្រុម​មេធាវី​ទាំង​៦១​នាក់ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា​៣០៧​នៃ​ក្រមព្រហ្មទណ្ឌ​មែន​នោះ គឺ​លោក វ៉ាន់ ពុទ្ធិ​ពល ក៏​មិនមាន​ទោសទណ្ឌ​ជាប់ពន្ធនាគារ​អ្វី​ដែរ ពោល​ត្រឹម​បង់ប្រាក់​ពិន័យ និង​ប្រាក់​សំណង​ជំងឺ​ចិត្ត​ប៉ុណ្ណោះ ខណៈ​លោក វ៉ាន់ ពុទ្ធិ​ពល ក៏​មិន​ខ្វះ​ប្រាក់​សម្រាប់​បង់​ដែរ ។ ប៉ុន្តែ អ្វីដែល​គួរ​ព្រួយបារម្ភ​នោះ គឺ​ខ្លាចក្រែង​ម្ចាស់​បណ្តឹង​ជា​មេធាវី​ទាំង​៦១​នាក់ ភ្លាត់ស្នៀត​ទទួលរង​នូវ​បណ្តឹង​ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍ តាមរយៈ​ការ​វាយបក​ជាយថាហេតុ​រប​ស់លោក វ៉ាន់ ពុទ្ធិ​ពល ទៅវិញ​ទេ ។​
​លោក វ៉ាន់ ពុទ្ធិ​ពល អតីត​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៨៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ ៕​

ប្រភព៖ DTN7

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា